នគរបាលជាតិ នឹងចាត់វិធានការ អ្នកប្រើហ្វេសប៊ុក ដែលបង្ហោះពាក្យថា “ខ្ញុំមិនទៅបោះឆ្នោត”

ភ្នំពេញៈ មន្ត្រី​ជាន់ខ្ពស់​នគរបាល​ជាតិ​អះអាង​ថា​នឹង​ស្រាវជ្រាវ​រក​ក្រុម​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដែល​បាន​ចូលរួម​ធ្វើ​យុទ្ធនាការ​ម្រាម​ដៃ​ស្អាត​ក្នុង​ការ​ពហិការ​ការបោះឆ្នោត ដើម្បី​ធ្វើការ​ណែនាំ ហើយ​បើ​ពួកគេ​នៅ​បន្ត​សកម្មភាព អាជ្ញាធរ​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​។

អ្នក​នាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​លោក​ គៀត ច័ន្ទថារិទ្ធ បញ្ជាក់​ថា​មន្ត្រី​នគរបាល​ជាតិ​នឹង​ធ្វើការ​ស្រាវជ្រាវ​រក​ក្រុម​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ដែល​បាន​បង្ហោះ​ថា ខ្លួន​មិន​ទៅ​បោះឆ្នោត ដើម្បី​ធ្វើការ​ណែនាំ​អប់រំ ហើយ​ចាត់​វិធានការ​ប្រសិន​បើ​គេ​នៅ​តែ​បន្តសកម្មភាព​ដោយ​លោក​អះអាង​ថា​សកម្មភាព​បែប​នេះ​ជា​ការ​អំពាវនាវ និង​ឃោសនា​ឲ្យ​ប្រជាជន​ធ្វើ​ពហិការ​ក្នុង​ការបោះឆ្នោត​។

Image may contain: 1 person, standing, outdoor, text and nature

លោក​បញ្ជាក់​ថា​៖ «​យើង​នឹង​ស្រាវជ្រាវ​ដើម្បី​ទៅ​អប់រំ​គាត់​ផ្ទាល់​ទៀត និង​ធ្វើ​កំណត់ហេតុ​ហើយ​បើ​គាត់​នៅ​តែ​មិន​ស្តាប់​ទៀត យោង​លើ​កំណត់​ហេតុ​យើង​អាច​អនុវត្ត​ច្បាប់​ទៅ​លើ​គាត់​។ ការធ្វើ​បែប​នេះ​គឺ​ខុស​ច្បាប់​ហើយ​។ នេះ​គឺជា​ការឃោសនា និង​ការ​អូសទាញ​នៅ​ក្នុង​ច្បាប់​គឺជា​ការរារាំង​ប្រជាជន​មិន​ឲ្យ​ទៅ​បោះឆ្នោត​។ ការ​បង្ហោះ​រូប​អីហ្នឹង​គឺជា​សារ ដើម្បី​ធ្វើ​សកម្មភាព​ដើម្បី​បំផុស​បំផុល​ប្រជាជន​មិន​ឲ្យ​ទៅ​បោះឆ្នោត​នេះ​វា​ខុស​ច្បាប់​»​។

លោក​បន្ថែម​ថា​៖ «​បើ​គាត់​មិន​មាន​ចេតនា ហេតុអ្វី​គាត់​បង្ហោះ​ធ្វើ​អី គាត់​ទៅ​មិន​ទៅ​រឿង​របស់​គាត់​។ ដូច្នេះ​វា​ខុស​ហើយ​ដោយសារ​វា​ជា​ផ្នែក​មួយ​នៃ​ការអំពាវនាវ​។ ចង់​គាត់​ទៅ​មិន​ទៅ​ជា​រឿង​របស់​គាត់ ហេតុ​អី​គាត់​ទៅ​ធ្វើ​រូប​ និង​ខ្លឹមសារ និង​បង្ហោះ​ធ្វើ​អី​ដូច្នេះ​គាត់​មាន​ចេតនា​។ យើង​នឹង​ចាត់​មន្ត្រី​នគរបាល​យើង​ចុះ​ទៅ​ពន្យល់​អប់រំ​គាត់​ឲ្យ​ដឹងថា​អាហ្នឹង​ខុស​ច្បាប់​ និង​កុំ​ធ្វើ​ដូច្នេះ​ទៀត តែ​បើ​អប់រំ​ហើយ​គាត់​នៅ​តែ​បន្ត​ធ្វើ​ទៀត​មាន​ន័យ​ថា​គាត់​បំពាន និង​គឃ្លើន​ដូច្នេះ​ច្បាប់​លែង​អនុគ្រោះ​ហើយ​»​។

Image may contain: 1 person, standing and text

ការចាប់​ផ្តើម​ធ្វើ​យុទ្ធនាការ​ពហិការ​ក្នុង​ការ​បោះឆ្នោត​នេះ​ចាប់​ធ្វើ​ឡើង​បន្ទាប់ពី​លោក​ សម រង្ស៊ី អតីត​មេបក្ស​ប្រឆាំង​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ធ្វើ​ពហិការ​ការបោះឆ្នោត​ដោយ​ចោទ​ថា​ការបោះឆ្នោត​ក្លែងក្លាយ និង​មិន​ស្រប​ច្បាប់​ដោយសារ​មិន​មាន​បក្សប្រឆាំង​ដែល​ជា​គូប្រកួត​ដ៏ស័ក្តិសម​នឹង​បក្ស​កាន់​អំណាច ខណៈ​ពេល​ខិត្តប័ណ្ណ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បក្ស​កាន់​អំណាច​នេះ អះអាង​ថា​ជា​ឧបាយកល​ជន​អគតិ​ដើម្បី​បំផ្លាញ​ជាតិ និង​បម្រើ​មហិច្ឆតា​បរទេស​។

គណនី​ហ្វេសប៊ុក​ម្នាក់​ឈ្មោះ​ សោម រក្សា បាន​បង្ហោះ​រូបភាព​ដេក​នៅ​លើ​អង្រឹង​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ និង​បាន​សរសេរ​ថា​ «​ថ្ងៃទី​ ២៩ កក្កដា រវល់​ដេក​ហើយ​មិន​បាន​ទៅ​បោះឆ្នោត​ទេ​» ដោយ​ដាក់​ទន្ទឹម​គ្នា​នឹង​រូបភាព​មួយ​ផ្សេង​ទៀត​មាន​ចំណងជើង​ថា​ «​យុទ្ធនាការ​ម្រាមដៃ​ស្អាត ២៩ ខែ​កក្កដា​ ២០១៨»​។

គណនី​ហ្វេសប៊ុក​ម្នាក់​ទៀត​ឈ្មោះ​ «​ម៉ា ចិត្រា​» ​បាន​សរសេរ​នៅ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃ​ចន្ទ​ថា​ «(​ខ្ញុំ​)​ មិន​ពេញ​ចិត្ត​ការរំលាយ​ CNRP ​និង​រំលាយ​សមាជិក​ក្រុមប្រឹក្សាឃុំ តំណាងរាស្ត្រ​។ ដោយ​មើល​ឃើញ​វា​អយុត្តិធម៌​ពេក​ខ្ញុំ​សម្រេច​មិន​ទៅ​បោះឆ្នោត បើ​ចង់​រំលោភ​ទៀត​គឺ​តាម​ចិត្ត​»​។

Image may contain: 3 people, people smiling, people standing

លោក​ ឡុង បុត្តា អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ចន្ទ​ទី​ ១១ ថា​ការ​មិន​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​ ២៩ ខែ​កក្កដា​គឺ​សង្គ្រោះ​ជាតិ តែ​បើ​ «​ទៅ​បោះឆ្នោត​គឺ​បណ្តោយ​ឲ្យ​របប​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បន្ត​ការ​បំផ្លាញ​ប្រទេស​តទៅ​ទៀត​»​។

ចំណែក​លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ថា​ «​មិន​ទៅ​បោះឆ្នោត​មិន​ខុស​ច្បាប់​ទេ​។ គំរាម​ឲ្យ​ទៅ​បោះឆ្នោត​ខុស​ច្បាប់​។ បើ​គ្មាន​សង្គ្រោះជាតិ​ខ្ញុំ​មិន​ទៅ​បោះឆ្នោត​ទេ​»​។

លោក​ សំ គន្ធាមី នាយក​ប្រតិបត្តិ​អង្គការ​និកហ្វិក​បាន​សម្តែង​ការគាំទ្រ​វិធានការ​របស់​អាជ្ញាធរ​ដែល​ធ្វើការ​អប់រំ និង​ណែនាំ​ប្រជាជន​ឲ្យ​យល់​មុន​ពេល​ចាត់វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​ក្រុម​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដែល​បាន​បង្ហោះ​សារ​ និង​រូបភាព​ក្នុង​ការ​ធ្វើ​ពហិការ​ក្នុង​ការ​បោះឆ្នោត​តែ​លោក​ថា​សារ និង​រូបភាព​របស់​ក្រុម​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​គឺ​គ្រាន់​តែ​ជា​ការ​បញ្ចេញ​ និង​បង្ក​បញ្ហា​នោះ​ទេ​។ លោក​បញ្ជាក់​ថា​៖ «​ការបញ្ចេញ​មតិ​តាមរយៈ​ការ​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម​វា​មិន​មាន​ប្រសិទ្ធភាព​ទេ ហើយ​នេះ​គ្រាន់​តែ​ជា​ការ​បញ្ចេញមតិ​របស់​បុគ្គល​ ឬ​មួយ​ក្រុម​តូច​។ នេះ​គ្រាន់​តែ​ជា​ការ​យល់​ឃើញ​របស់​គាត់​ហើយ​សារ​របស់​គាត់​ក៏​គ្មាន​ចាប់​បង្ខំ​ឲ្យ​ធ្វើ​តាម​ដែរ​»​។

Image may contain: 1 person, standing, tree, outdoor and text

ប្រធាន​មជ្ឈមណ្ឌល​ទស្សនវិជ្ជា​អនុវត្តន៍ និង​សីលធម៌​កម្ពុជា​លោក ប៉ា ច័ន្ទរឿន ថ្លែង​ថា​៖ «​យើង​មិន​ដឹង​ថា​អាជ្ញាធរ​គាត់​ពឹង​ផ្អែក​ទៅ​លើ​ច្បាប់​ណា​មួយ​ទេ ពីព្រោះ​ថា​ច្បាប់​បោះឆ្នោត​ក៏​មិន​មាន​ចែង​ឲ្យ​លម្អិត​ចំពោះ​ប្រជាជន​ដែល​គាត់​បញ្ចេញ​នូវ​មតិ​ ឬ​ក៏​ការយល់​ឃើញ​នូវ​ការសម្រេច​ចិត្ត​របស់​គាត់​ថា ទៅ​ឬ​មិន​ទៅ​។ ស្ថានភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា​នៅ​ពេល​បច្ចុប្បន្ន​ដែល​ខិត​ជិត​បោះឆ្នោត​បាន​ដាក់​សម្ពាធ​ដ៏ខ្លាំងក្លា​ដល់​អ្នក​បោះឆ្នោត​ទាំង​ការបង្ខិតបង្ខំ​ដោយ​ផ្ទាល់ និង​ប្រយោល​»​។

ជាមួយ​គ្នា​នេះ​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ (AP-HR)​ ក៏​បាន​សម្តែង​ក្តីបារម្ភ​ផង​ដែរ​ចំពោះ​សេចក្តី​ថ្លែងការណ៍​ដែល​គំរាម​ចាត់​វិធានការ​ទៅ​លើ​នរណា​ដែល​ «​អំពាវនាវ ញុះញង់ ឬ​រារាំង​ប្រជាពលរដ្ឋ​» ​មិន​ឲ្យ​ទៅ​បោះឆ្នោត រួម​ទាំង​អ្នក​ដែល​អំពាវនាវ​ឲ្យ​មាន​ការ​ធ្វើ​ពហិការ​ចំពោះ​ការបោះឆ្នោត​។

កាលពី​ដើម​សប្តាហ៍​នេះ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក​អង្គ វង្សវឌ្ឍានា បាន​បញ្ជា​ឲ្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចាប់ផ្តើម​នីតិវិធី​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​លោក​ សម រង្ស៊ី ក្រោម​ច្បាប់​ស្តីពី​ការប្រមាថ​ព្រះមហាក្សត្រ​។ ការចាត់​វិធានការ​នេះ​គឺជា​ការឆ្លើយតប​ទៅ​នឹង​ការ​អត្ថាធិប្បាយ​របស់​លោក​ពាក់ព័ន្ធ​នឹង​លិខិត​មួយ​ដែល​ចេញ​កាលពី​សប្តាហ៍​មុន​ដោយ​ព្រះមហាក្សត្រ នរោត្តម សីហមុនី ដែល​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​។

ក្រុម​សមាជិកសភា​អាស៊ាន​ក៏​បាន​អំពាវនាវ​សាជាថ្មី​ស្នើសុំ​ឲ្យ​មាន​ឡើង​វិញ​នូវ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​នោះ និង​ដោះលែង​អ្នកទោស​នយោបាយ​រួម​ទាំង​មេដឹកនាំ​បក្ស​ប្រឆាំង​លោក កឹម សុខា​។

លោក Charles Santiago ប្រធាន​សភា​អាស៊ាន​ដែល​ជា​សមាជិក​សភា​ម៉ាឡេស៊ី និយាយ​ថា​៖ «​សកម្មភាព​ចុង​ក្រោយ​របស់​រដ្ឋាភិបាល​ដើម្បី​គាបសង្កត់ និង​គំរាមកំហែង​អ្នក​បោះឆ្នោត​ឲ្យ​ទន់ខ្សោយ​ដែល​ការអះអាង​របស់​ខ្លួន​ថា ការបោះឆ្នោត​នៅ​ពេល​ខាង​មុខ​នឹង​ឆ្លុះបញ្ចាំង​នូវ​ឆន្ទៈ​របស់​រាស្ត្រ​»​។ លោក​បន្ត​ថា​៖ «​រដ្ឋាភិបាល​កំពុង​បដិសេធ​ពលរដ្ឋ​កម្ពុជា​នូវ​សិទ្ធិ​ជា​គោល​របស់​ពួកគេ ដើម្បី​សម្តែង​ទស្សនៈ​នយោបាយ និង​ចូលរួម​ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ​ដោយ​គ្មាន​ភ័យខ្លាច​នូវ​ការ​ផ្ចាញ់​តប​។ បរិយាកាស​ដែល​ពុល​នេះ​គំរាម​ដល់​បរិយាកាស​ធ្វើឲ្យ​ការបោះឆ្នោត​មាន​មន្ទិល​រួច​ទៅ​ហើយ​ថា គ្មាន​សេរីភាព​»​។

Image may contain: 1 person

លោក Charles Santiago សង្កត់​ធ្ងន់​ថា​៖ «​ចំណាត់ការ​របស់​រដ្ឋាភិបាល​ត្រូវ​បាន​បង្ខំ​យ៉ាង​ច្បាស់លាស់​ដោយ​ភាពខ្វាយខ្វល់​ទៅ​លើ​ភាព​ស្របច្បាប់​នៃ​ការបោះឆ្នោត​។ ប៉ុន្តែ​ការបង្ខំ​អ្នក​បោះឆ្នោត​ឲ្យ​ថា​តែ​មាត់​នូវ​គោលការណ៍​ប្រជាធិបតេយ្យ​នឹង​មិន​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ភាពស្រប​ច្បាប់​នៃ​ការបោះឆ្នោត​នោះ​ទេ​។ ការដាក់​សម្ពាធ​មិន​សមរម្យ​លើ​អ្នក​បោះឆ្នោត ការពិត​ជា​ការ​រំលោភ​ទៅលើ​សេរីភាព​ជា​គោល​របស់​ពួកគេ ជាពិសេស​បាន​ផ្តល់​ឲ្យ​នូវ​ការបដិសេធ​របស់​រដ្ឋាភិបាល​នៃ​ជម្រើស​ពិតប្រាកដ​នៅឯ​ហិប​ឆ្នោត​»​។

សមាជិកសភា​ទាំង​នោះ​និយាយ​ថា​អវត្តមាន​អតីត​គណបក្ស​សង្គ្រោះជាតិ ដែល​ជា​បក្ស​ប្រឆាំង​ដ៏ធំ​របស់​កម្ពុជា​ដែល​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​ ២០១៧ បាន​រារាំង​ដំណើរការ​ពី​ការ​មាន​យុត្តិធម៌​ដែល​គួរ​ជឿ​បាន​។ «​ការរំលាយ​គណបក្ស​ជាមួយ​នឹង​ការហាមឃាត់​សមាជិក​ជាន់​ខ្ពស់​ចំនួន​ ១១៨ រូប​របស់​បក្ស​មិន​ឲ្យ​ធ្វើ​នយោបាយ​បាន​ចូល​មក​ដល់​បរិបទ​នៃ​ការវាយប្រហារ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​លើ​សង្គម​ស៊ីវិល​ដូចជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ សំឡេង​ប្រឆាំង បន្ទាប់ពី​កម្លាំង​ខ្លាំង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បង្ហាញ​កាលពី​ការបោះឆ្នោត​ឃុំ សង្កាត់​ខែ​មិថុនា ២០១៧ ដែល​ទទួល​បាន​ជាង​ ៤០ ​ភាគរយ​នៃ​សំឡេង​ឆ្នោត​ទាំងអស់​»​។

Image may contain: 1 person, standing and outdoor

សមាជិក​សភា​ហ្វីលីពីន និង​ជា​សមាជិក​សភា​អាស៊ាន លោក Tom Villarin និយាយ​ថា​៖ «​ការបោះឆ្នោត​ដែល​មិន​មាន​បក្សប្រឆាំង​នឹង​ជា​លំហាត់​មួយ​គួរ​ឲ្យ​ចង់​សើច​។ ក្នុង​ស្ថានភាព​បែប​នេះ​ការ​បដិសេធ​ការបោះឆ្នោត​ត្រូវ​តែ​ទទួល​ស្គាល់​ជា​សិទ្ធិ​ស្របច្បាប់ និង​ជា​ទម្រង់​នៃ​ជម្រើស​នយោបាយ​វិជ្ជមាន​ដើម្បី​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​នៃ​ដំណើរការ​បោះឆ្នោត​»៕

Image may contain: 1 person, standing, plant, outdoor and nature

Image may contain: 1 person, outdoor and text

Image may contain: 1 person, text

ប្រភពអត្ថបទ៖ ភ្នំពេញប៉ុស្តិ៍

Leave a Reply

Your email address will not be published. Required fields are marked *