អតីតបេក្ខជនផ្កាយរះក្នុងសួន ទួន ឆានឈុន ជាប់ពន្ធនាគារក្រោយប្រព្រឹត្តរឿងមួយនេះ(មានវីដេអូ)

សឹងតែ​មិនគួរ​ឱ្យ​ជឿ​សោះ ក្រោយ​លេច​ធ្លាយ​ព័ត៌មាន​អតីត​បេក្ខជន​ផ្កាយ​រះ​ក្នុង​សួន ទួន ឆាន​ឈុន និង បន​ភឿន​ជិះ​ម៉ូតូ​ឆក់​ទូរស័ព្ទ​គេ ហើយ​ត្រូវគេ​ចាប់បាន និង វាយ​យ៉ាង​ចាស់ដៃ នៅ​ម្តុំ​អូរឫស្សី​កាលពីពេល​កន្លងមក ។​

​មាន​ករណី​ឆក់​មួយ​បាន​កើតឡើង​កាលពី ២ ខែ​មុន នៅត្រង់ចំណុច​ម្ដុំ​អូរឫស្សី តាម​បណ្តោយ​ផ្លូវ​លេខ ២១៥ កែង​ផ្លូវ​លេខ ១៤៦ ស្ថិតក្នុង​សង្កាត់​វាលវង់ ខណ្ឌ ៧ មករា រាជធានី​ភ្នំពេញ ពោលគឺ​នៅ​ថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០១៨ កន្លងទៅ ដោយមាន​យុវជន ៣ នាក់​បាន​ជិះ​ម៉ូតូ និង បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ម៉ាក Iphone ពី​នារី​ជនរងគ្រោះ​ម្នាក់ ហើយ​ត្រូវ​ប្រជាពលរដ្ឋ​ចាប់បាន​ម្នាក់​ក្នុងចំណោម​នោះ ។ ក្រោយ​សាកសួរ និង កសាង​សំណុំរឿង ​ជនសង្ស័យ​ម្នាក់​ដែល​ត្រូវ​ប្រជាពលរដ្ឋ​ចាប់បាន​នោះ ត្រូវបាន​គេ​ទម្លាយ​ឱ្យ​ស្គាល់​ពី​អត្តសញ្ញាណ​ជា​អតីត​បេក្ខជន​ផ្កាយ​រះ​ក្នុង​សួន រដូវ​កាល​ដំបូង ដែលមាន​ឈ្មោះ ទួន ឆាន​ឈុន ។​

​បើតាម​ការឱ្យ​ដឹង ពេលនេះ​អតីត​បេក្ខជន​ផ្កាយ​រះ​ក្នុង​សួន​ដ៏​ល្បី ទួន ឆាន​ឈុន កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​សរ បន្ទាប់ពី​តុលាការ​ចេញ​សាលក្រម​ឱ្យ​ជាប់គុក​រយៈពេល ៣ ឆ្នាំ​កាលពី​ថ្មីៗ​នេះ ។ ក្រោយ​ទទួលបាន​ដំណឹង​ជាប់ពន្ធនាគារ​របស់​អតីត​បេក្ខជន​ផ្កាយ​រះ​ក្នុង​សួន ទួន ឆាន​ឈុន នេះហើយ បានធ្វើ​ប្រិយមិត្ត និង អ្នកគាំទ្រ​រូបគេ​កាលពីពេល​កន្លង ស្រងាកចិត្ត​ហើយ​សោកស្ដាយ​យ៉ាងខ្លាំង​ចំពោះ​អនាគត និង ការបាត់បង់​ឱកាស​ក្នុង​សិល្បៈ​របស់​រូបគេ ដោយ​មិនគួរ​គេ​ទៅ ប្រព្រឹត្ត​អំពើ​ដែល​សង្គម​ស្អប់ខ្ពើម​នេះ​សោះ ។​

​ទួន ឆាន​ឈុន ដែល​ធ្លាក់ខ្លួន​ដល់​កម្រិត​នេះ ត្រូវបាន​ប្រភព​ទម្លាយ​ទៀតថា ដោយសារ​រូបគេ​ដើរលេង​ច្រើន មិន​ស្តាប់​ឪពុកម្តាយ ហើយ​បាន​ទាក់ទង​សេពគប់​ពួកម៉ាក​មិនល្អ ដែល​សុទ្ធតែជា​ពួក​ជិះ​ម៉ូតូ​ឆក់ និង មុខសញ្ញា​របស់​សមត្ថ​កិច្ច ។ គួរឱ្យ​ដឹង​ដែរ​ថា មុខ​ពេល​មានរឿង​ហេតុនេះ​កើតឡើង ទួន ឆាន​ឈុន ធ្លាប់ជា​តារាចម្រៀង​វ័យក្មេង​ម្នាក់​ដែលមាន​ប្រជាប្រិយ​ភាពមិនធម្មតា​ឡើយ ក្នុងចំណោម​បេក្ខជន​-​នារី ដែល​បាន​ប្រឡង​ក្នុង​កម្មវិធី​ផ្កាយ​រះ​ក្នុង​សួន​ទាំងអស់​នៅ​ស្ថានីយទូរទស្សន៍​អប្សរា ៕

​ដោយ ៖ សាកល
​រូបភាព ៖ ហ្វេ​ស​ប៊ុ​ក

Leave a Reply

Your email address will not be published. Required fields are marked *