មិនហ៊ានសារភាពខ្លាចខាងស្រីបដិសេដ គាស់ទ្វារចាប់រំលោភបញ្ជាក់ចិត្តស្មោះ(មានរូភាព)

ភ្នំពេញ ៖ បុរសភ្នែកម្ញ៉ូបល្មោភកាមម្នាក់ បានធ្វើសកម្មភាពលបលួចគាស់ទ្វារបន្ទប់នារីវ័យក្មេងម្នាក់ រួចចូលទៅចាប់រំលោភនាងទាំងកំរោល តែត្រូវនារីរងគ្រោះភ្ញាក់ដឹងខ្លួនទាន់ប្រឹងរើបម្រះ ធ្វើឱ្យជ្រុះវ៉ែនតាម្ញ៉ូប ធ្វើអ្វីលែងកើត ដោយសារមើលអត់ច្បាស់ ក៏ប្រញាប់រត់ចេញមកវិញ រួចព្យាយាមគេចខ្លួនអស់រយៈពេល៥ថ្ងៃ ទីបំផុត ក៏ត្រូវខាងស្រីប្តឹងសមត្ថកិច្ចស្រាវជ្រាវតាមចាប់ខ្លួនជាប់ ស្រាប់តែខាងប្រុសបែរជាដោះសារថា មកពីរូបគេស្រលាញ់ខាងស្រីពេក ទើបបែកគំនិតចង់រំលងប្រពៃណីបែបនេះ។

ករណីប្រុសព្រានលួចគាស់បន្ទប់ ចាប់រំលោភកូនស្រីគេ បានកើតមានការភ្ញាក់ផ្អើលឡើង តាំងពីវេលាយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចបន្ទប់របស់នារីរងគ្រោះ ស្ថិតក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ លុះនារីរងគ្រោះដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចធ្វើការស្រាវជ្រាវ រហូតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យបាន កាលពីរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ ក្រោយពីជននេះព្យាយាមរត់គេចខ្លួនអស់រយៈពេល៥ថ្ងៃ។

ជនសង្ស័យល្មោភកាមដែលគាស់បន្ទប់រំលោភនារីវ័យក្មេងមិនសម្រេច បែរជាត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះមាស សុភាព អាយុ២៨ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ចំណែកនារីរងគ្រោះ មានឈ្មោះវ.ស.ហ អាយុ១៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ ស្នាក់នៅផ្ទះជួលចំណុចកើតហេតុ (ក្បែរផ្ទះជនសង្ស័យ)។

តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ នាងបានចូលដេកនៅក្នុងបន្ទប់ដូចសព្វមួយដង ដោយបានចាក់គន្លឹះទ្វារយ៉ាងត្រឹមត្រូវ។ ស្រាប់តែមកដល់វេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ ស្រាប់តែមានជនសង្ស័យម្នាក់បានលួចគាត់បន្ទប់របស់នាង រួចចូលមកបើកមុងចាប់រំលោភនាងទាំងកំរោល តែភ្លាមនោះ នាងបានភ្ញាក់ដឹងខ្លួនទាន់ និងបានរើបម្រះប្រតាយប្រតប់ជាមួយជនសង្ស័យ ធ្វើឱ្យជនសង្ស័យជ្រុះវ៉ែនតាម្ញ៉ូបនៅលើគ្រែរបស់នាង ហើយភ្លាមនោះ នាងក៏បានស្ទុះទៅបើកភ្លើង ក៏ឃើញ និងស្គាល់មុខជនសង្ស័យយ៉ាងច្បាស់ គឺជាជាងដែក ដែលស្នាក់នៅក្បែរផ្ទះនាងសោះ។ ភ្លាមនោះ ជនសង្ស័យក៏បានស្ទុះរត់ចេញពីបន្ទប់របស់នាងបាត់ស្រមោលភ្លាមៗតែម្តង។

នារីរងគ្រោះបន្តថា រហូតមកដល់ព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ នាងក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គោកឃ្លាង ដោយយកវ៉ែនតារបស់ជនសង្ស័យទៅបង្ហាញសមត្ថកិច្ចធ្វើជាភ័ស្តុតាងដើម្បីរកយុត្តិធម៌ និងដើម្បីងាយស្រួលតាមរកមុខសញ្ញាជនសង្ស័យ។ ចាប់តាំងពីថ្ងៃនោះមក ជនសង្ស័យបានរត់គេចខ្លួនអស់រយៈពេល៥ថ្ងៃ ទីបំផុត មកដល់រសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ ជន សង្ស័យបានបង្ហាញខ្លួននៅមុខផ្ទះស្នាក់នៅរបស់គេ ទើបនាងបានទូរស័ព្ទប្តឹងសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកចាប់ខ្លួនភ្លាមៗ រួចនាំយកទៅសួរនាំតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះមាស សុភាព បានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួចគាស់បន្ទប់ចូលទៅចាប់រំលោភនារីរងគ្រោះប្រាកដមែន តែមិនបានសម្រេចនោះទេ ព្រោះនាងភ្ញាក់ដឹងខ្លួនទាន់ ណាមួយប្រតាយប្រតប់ធ្វើឱ្យជ្រុះវ៉ែនតាម្ញ៉ូបរបស់គេ  ធ្វើឱ្យរូបគេធ្វើអ្វីមិនកើត ដោយសារមើលមិនឃើញច្បាស់ ក៏រត់គេចខ្លួនទៅ។ យ៉ាងណា មូលហេតុដែលនាំឱ្យរូបគេហ៊ានធ្វើបែបនេះ គឺមកពីរូបគេមានចិត្តស្រលាញ់នារីរងគ្រោះពេក ទើបចង់រំលងប្រពៃណី។

ជនសង្ស័យបានបន្តសារភាពថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ រូបគេបានជួបជុំមិត្តភក្តិផឹកស៊ី រហូតដល់ម៉ោង២៣និង៣០នាទីយប់ថ្ងៃដដែល ទើបកម្មវិធីផឹកស៊ីបានបញ្ចប់ ហើយមិត្តភក្តិក៏បានបែកផ្លូវគ្នា ទៅដេកតាមផ្ទះរៀងៗខ្លួនអស់។ ចំណែករូបគេមិនទាន់បានចូលដេកនៅឡើយទេ លុះមកដល់វេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ រូបគេក៏បានដើរមកលួចគាស់បន្ទប់នារីរងគ្រោះ ចូលទៅបើកមុងចាប់បង្ខំរំលោភ តែត្រូវនារីរងគ្រោះរើបម្រះរួចស្ទុះទៅបើកកុងតាក់ភ្លើង ទើបធ្វើឱ្យរូបគេភ័យ ក៏បើកទ្វាររត់គេចខ្លួនបាត់ ដោយបន្សល់ទុកនូវវ៉ែនតាម្ញ៉ូបនៅបន្ទប់របស់នារីរងគ្រោះ រួចហើយក៏ព្យាយាមគេចខ្លួនបាន៥ថ្ងៃ ក៏ត្រូវសមត្ថកិច្ចចាប់ក្របួចជាប់តែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *